ស្វែងយល់ពីពុម្ពអក្សរ (Font)
តើពុម្ពអក្សរជាអ្វី ?
តាមពិតទៅ ពុម្ពអក្សរ (អង្គ្លេសថា Font) ជា file មួយប្រភេទ ដែលមានឈ្មោះបញ្ចប់ដោយ .ttf, .otf, … ។ យើងអាច install វាប្រើនៅលើកុំព្យូទ័រ ឬទូរស័ព្ទ ។ យើងប្រើ font ដើម្បីវាយបញ្ចូលតួអក្សរផ្សេងៗនៅលើកុំព្យូទ័រ ឬទូរស័ព្ទ ។ ចំណែកកុំព្យូទ័រប្រើវា ដើម្បីបង្ហាញតួអក្សរភាសាផ្សេងៗ ដែលយើងឃើញក្នុងអេក្រង់ ។
តើក្នុង file ពុម្ពអក្សរមានអ្វីខ្លះ ?
ដើម្បីដឹង យើងសាក បើក file ពុម្ពអក្សរខ្មែរយើងមួយឈ្មោះ Khmer OS System ក្នុងកម្មវិធី FontForge ដែលជាកម្មវិធីសម្រាប់បង្កើតពុម្ពអក្សរ ។
ក្រោយពេលបើក យើងនឹងឃើញតួអក្សរជាច្រើន ។ ដោយសារ វាជាពុម្ពអក្សរខ្មែរ យើងឃើញមានអក្ខរក្រមភាសាខ្មែរយើងទាំងអស់ ។ លើសពីនេះ យើងក៏ឃើញមានតួអក្សរអង្គ្លេសផងដែរ ។ មិនតែប៉ុណ្ណោះ យើងថែមទាំងអាច Export តួអក្សរនីមួយៗ ទៅជា .svg file ដាច់ដោយឡែកទៀតផង ។ តាមពិតទៅ File ពុម្ពអក្សរ មានផ្ទុកទៅដោយ គំនូសតួអក្សរទាំងអស់របស់ភាសានីមួយៗ ។ ពេលយើងវាយ ស្រៈ « េ ិ ុ ា » យើងនឹងឃើញទីតាំងស្រៈទាំងនេះខុសៗគ្នា ខ្លះនៅក្រោយព្យញ្ជនៈ ខ្លះនៅលើ ខ្លះនៅក្រោម ខ្លះនៅមុខ បញ្ជាក់ថា file ពុម្ពអក្សរក៏មានផ្ទុកព័ត៌មានបញ្ជាក់ពីទីតាំងរបស់តួអក្សរនីមួយៗផងដែរ ។ មួយវិញទៀត ពេលយើងវាយ «ក» + «ា» យើងនឹងឃើញ «កា» ដែលប្រែរូបរាងបន្តិច គឺសក់ «ក» និងស្រៈ «ា» ភ្ជាប់គ្នា ។ នេះបង្ហាញថា ក្នុង file ពុម្ពអក្សរក៏មានផ្ទុកផងដែរ ព័ត៌មានអំពីលក្ខខណ្ឌពិសេសផ្សេងៗពេលតួអក្សរ ២ ឬច្រើនផ្សំបញ្ចូលគ្នា ។

តើគេបង្កើតពុម្ពអក្សរ យ៉ាងដូចម្ដេច ?
ដំបូងគេគូសតួអក្សរនីមួយៗទាំងអស់ក្នុងអក្សរក្រម ។ ឧទាហរណ៍ ៖ បើយើងចង់បង្កើតពុម្ពអក្សរខ្មែរ យើងត្រូវគូសតួអក្សរទាំងអស់ក្នុងអក្ខរក្រមភាសាខ្មែរយើង ។ យើងអាចគូសពួកវាដោយប្រើកម្មវិធីគូសគំនូសវ៉ិចទ័រ (Illustration) ដូចជា Inkscape (Free & Open source), Corel Draw (បង់លុយ), Adobe Illustrator (បង់លុយ), … ។ តួអក្សរនីមួយៗត្រូវ save ទុកជាប្រភេទ svg file, … ដែលជាប្រភេទ File អាចរក្សាទុកព័ត៌មានអំពីគំនូសវ៉ិចទ័ររបស់តួអក្សរនីមួយៗ ។ (យើងមិនអាច save តួអក្សរដែលគូសហើយ ជាប្រភេទ png ឬ jpg ទេ ព្រោះ file ប្រភេទនេះមិនរក្សាទុកព័ត៌មានគំនូសវ៉ិចទ័ររបស់តួអក្សរទេ ។)
ក្រោយពីគូសហើយ គេយកតួអក្សរ ដែលគូសបានទាំងអស់ទៅតម្រៀប (Import) ក្នុង កម្មវិធី បង្កើតពុម្ពអក្សរ ដូចជា FontForge (Free & Open source), FontLab Studio (បង់លុយ), Font Creator (បង់លុយ), … និងបញ្ចូលទិន្នន័យបញ្ជាក់ពីទីតាំងតួអក្សរ ការប្រែប្រួលរូបរាងពេលតួអក្សរ ២ ឬច្រើន ផ្សំបញ្ចូលគ្នា ឈ្មោះពុម្ពអក្សរ គម្លាតពីអក្សរមួយទៅអក្សរមួយទៀត គម្លាតបន្ទាត់ . . . ។
ចុងក្រោយគេ Generate បង្កើតជាពុម្ពអក្សរមួយពេញលេញ (ជា file ប្រភេទ .ttf, .otf, … ) ដែលអាចយកទៅ install ប្រើក្នុងកុំព្យូទ័រ ឬទូរស័ព្ទ ។
តាមការពិតទៅកម្មវិធីបង្កើតពុម្ពអក្សរ ទាំងនេះ មានស្រាប់មុខងារគូសគំនូសវ៉ិចទ័រ (ដែលអាចឲ្យយើងគូសតួអក្សរបាន) ប៉ុន្តែវាពិបាកគូសជាងកម្មវិធីក្រៅ ដែលបង្កើតឡើងសម្រាប់តែគូសគំនូសវ៉ិចទ័រ ៕
comments powered by Disqus